រស់ឲ្យឆ្លាត 1 មិថុនា 2026 5 នាទីអាន

AI មិនមែនបិសាចទេ តែដៃអ្នកប្រើហ្នឹងចង់ក្លាយជាបិសាច! រៀនប្រើ AI បែបមានសីលធម៌ មិនបាត់បង់តម្លៃខ្លួន

អត្ថបទនេះពន្យល់ពីការរីកចម្រើនរបស់ AI ក្នុងវិស័យសរសេរកូដ និងសិល្បៈ ដោយបង្ហាញពីស្ថិតិពិតប្រាកដ និងបញ្ហាប្រឈមផ្នែកសីលធម៌ (ការលួចចម្លង សំឡេងបោកប្រាស់ រឿងឥតប្រយោជន៍) រួមទាំងផ្តល់ដំបូន្មានជាក់ស្តែង ៥ យ៉ាងដើម្បីឱ្យយើងនៅតែជាអ្នកគ្រប់គ្រងបច្ចេកវិទ្យា។

AI មិនមែនបិសាចទេ តែដៃអ្នកប្រើហ្នឹងចង់ក្លាយជាបិសាច! រៀនប្រើ AI បែបមានសីលធម៌ មិនបាត់បង់តម្លៃខ្លួន

AI មិនមែនជាបិសាចទេ តែដៃដែលប្រើវា អាចក្លាយជាបិសាចបាន!

សព្វថ្ងៃនេះ មានអារម្មណ៍ថាពិភពលោកដើរលឿនពេកទេបងៗ? នៅសម័យដែលមនុស្សម្នាក់អាចអង្គុយចុចកុំព្យូទ័រ សរសេរកូដផង បង្កើតរូបភាពផង ធ្វើបទចម្រៀង ឬកាត់វីដេអូព្រោងព្រាតដោយមាន AI ជួយនៅពីក្រោយ — សំណួរមិនមែនស្ថិតនៅលើ “តើវាធ្វើបានឬអត់?” ទៀតឡើយ។ សំណួរពិតប្រាកដដែលយើងត្រូវសួរខ្លួនឯងគឺ

“តើយើងប្រើវាដោយមានសីលធម៌ និងការទទួលខុសត្រូវឬអត់?”

កាលពីមុន បើបងចង់បង្កើតកម្មវិធី (App) មួយ បងត្រូវចំណាយពេលរាប់ខែរាប់ឆ្នាំរៀនសរសេរកូដ បើចង់ធ្វើចម្រៀងមួយបទ ត្រូវរត់រកអ្នកនិពន្ធបទភ្លេង អ្នកសរសេរទំនុកច្រៀង អ្នកច្រៀង និងអ្នកផលិតសំឡេងឡើងវង្វេង  ហើយបើចង់ធ្វើវីដេអូ ត្រូវមានកាមេរ៉ាថ្លៃៗ ក្រុមការងារព្រោងព្រាត និងថវិកាក្រាស់ទើបទៅរួច។

តែសព្វថ្ងៃ? បងគ្រាន់តែអង្គុយមុខកុំព្យូទ័រ សរសេរបញ្ជា (Prompt) បន្តិចបន្តួច AI អាចជួយបង្កើតអ្វីៗគ្រប់យ៉ាងដែលកាលពីមុនត្រូវការមនុស្សមួយក្រុមធំធ្វើ។ នេះហើយជាសម័យកាលដ៏រុងរឿងរបស់ AI។ វាមិនមែនគ្រាន់តែជាឧបករណ៍ថ្មីធម្មតាៗនោះទេ តែវាជាការផ្លាស់ប្តូររបៀបដែលមនុស្សយើងធ្វើការ ច្នៃប្រឌិត និងប្រកួតប្រជែងគ្នា។

លើសពីនេះ តាមការអង្កេតរបស់ Stack Overflow Developer Survey 2025 បានបង្ហាញថា 84% នៃអ្នកឆ្លើយតបកំពុងប្រើ ឬមានគម្រោងប្រើប្រាស់ឧបករណ៍ AI នៅក្នុង workflow របស់ពួកគេ ខណៈដែល Developer អាជីពប្រហែល 51% ប្រើប្រាស់វាជារៀងរាល់ថ្ងៃតែម្តង។

លឿនជាងមុន មិនមែនមានន័យថា ឆ្លាតជាងមុនទេ!

ប៉ុន្តែបងត្រូវចាំថា ភាពលឿនមិនស្មើនឹងភាពត្រឹមត្រូវឡើយ ។

នៅក្នុងការស្ទង់មតិរបស់ Stack Overflow ដដែលនោះ បែរជាបង្ហាញថា Developer ជាច្រើនមិនសូវទុកចិត្តលើលទ្ធផលដែល AI បង្កើតចេញមកនោះទេ ដោយមាន 46% បង្ហាញការមិនទុកចិត្ត ខណៈមានតែ 33% ប៉ុណ្ណោះដែលហ៊ានជឿជាក់។

ជាងនេះទៅទៀត អាជ្ញាធរសន្តិសុខសាយប័រអាល្លឺម៉ង់ (BSI) ក៏បានព្រមានដែរថា ជំនួយការ AI ក្នុងការសរសេរកូដ អាចនឹងបង្កើតកូដដែលមានចន្លោះប្រហោងសន្តិសុខ (Security flaws) ធ្វើឱ្យធ្លាយទិន្នន័យសម្ងាត់ ឬជួនកាល AI ហ្នឹងវង្វេង (Hallucinate) បង្កើតកញ្ចប់កូដក្លែងក្លាយដែលគ្មាននៅលើលោក ដែលអាចបង្កើតហានិភ័យធំដល់ប្រព័ន្ធ software។

ពីការសរសេរកូដ ទៅដល់សិល្បៈ៖ បញ្ហាសីលធម៌កាន់តែក្ដៅ

នៅក្នុងពិភពសរសេរកូដ បញ្ហាសីលធម៌ច្រើនទាក់ទងនឹងការទទួលខុសត្រូវ។

បើ AI សរសេរកូដមកហើយបង្កើតជា Bug ឬធ្វើឱ្យប្រព័ន្ធគេធ្លាយ — តើអ្នកណាជាអ្នកចេញមុខសុំទោស? Developer? ក្រុមហ៊ុន? ឬក៏ទម្លាក់កំហុសឱ្យ AI? ចម្លើយពិតប្រាកដគឺ៖ មនុស្សនៅតែជាអ្នកទទួលខុសត្រូវ! AI មិនចេះដើរចូលប្រជុំជាមួយអតិថិជនដើម្បីសុំទោសជំនួសយើងទេ AI មិនចេះចុះហត្ថលេខាលើកិច្ចសន្យា ហើយ AI ក៏មិនត្រូវបានគេបណ្តេញចេញពីការងារដែរ។ យើងជាអ្នកបញ្ជា ដូច្នេះយើងត្រូវតែរ៉ាប់រង។

ប៉ុន្តែនៅពេលដែល AI ឈានជើងចូលក្នុងវិស័យសិល្បៈច្នៃប្រឌិត (Creativity) ដូចជាការគូររូប តែងអត្ថបទ ធ្វើវីដេអូ ឬធ្វើចម្រៀង បញ្ហាវាកាន់តែរញ៉េរញ៉ៃជាងមុនទៅទៀត។ ព្រោះវាមិនត្រឹមតែសួរថា “តើវាដំណើរការឬអត់?” នោះទេ តែវាបង្កើតជាសំណួរចាក់ដោតដែលបងៗគួរគិត៖

  • តើ AI ហ្នឹងវាលួចរៀនពីស្នាដៃរបស់អ្នកណា?
  • តើម្ចាស់ស្នាដៃដើមបានយល់ព្រមឬអត់?
  • តើពួកគាត់ទទួលបានកិត្តិយស ឬប្រាក់កម្រៃខ្លះទេ?
  • តើអ្នកប្រើ AI កំពុងតែបោកប្រាស់អ្នកមើលឱ្យជឿថានេះជាស្នាដៃធ្វើដោយដៃមនុស្សសុទ្ធមែនទេ?

តាមការសិក្សាមួយរបស់ CHI 2025 អំពីការគ្រប់គ្រង AI ក្នុងការងារច្នៃប្រឌិត បានបង្ហាញថា អ្នកធ្វើការងារសិល្បៈភាគច្រើនបារម្ភខ្លាំងណាស់ពីរឿងដែល Model របស់ AI ត្រូវបានយកទៅបង្វឹក (Train) លើស្នាដៃរបស់ពួកគេដោយគ្មានការអនុញ្ញាត(Consent) គ្មានការផ្តល់កិត្តិយស (Credit) និងមិនបានលុយមួយរៀល (Compensation)។

អត្ថបទស្រាវជ្រាវច្បាប់ពី Virginia Law Review ក៏បានលើកឡើងដែរថា ទោះបីជា AI ជួយឱ្យគ្រប់គ្នាអាចបង្កើតសិល្បៈបានងាយស្រួលក៏ដោយ តែបើក្រុមហ៊ុន AI នាំគ្នាជញ្ជក់យកស្នាដៃមនុស្សទៅបង្វឹកម៉ាស៊ីនដោយមិនផ្តល់តម្លៃតបស្នងទេ វានឹងធ្វើឱ្យប្រព័ន្ធចំណេះដឹង និងការច្នៃប្រឌិតរបស់មនុស្សត្រូវរលាយ ដែលចុងក្រោយសូម្បីតែ AI ក៏គ្មានអ្វីត្រូវរៀនបន្តដែរ។

ពេលម៉ាស៊ីនចេះច្រៀង មនុស្សចាប់ផ្តើមស្រែក!

វិស័យតន្ត្រីគឺជាឧទហរណ៍ដែលក្តៅគគុកជាងគេបង្អស់។

ឧបករណ៍ AI ដូចជា Suno ឬ Udio អាចបង្កើតបទចម្រៀងពេញលេញមួយបទចេញមកភ្លាមៗ ដោយគ្រាន់តែយើងប្រាប់គំនិត ឬអារម្មណ៍ទៅវា។ វានឹងបង្កើតទាំងសំឡេងច្រៀង ទំនុកភ្លេង ការរៀបចំវង់តន្ត្រី និងអារម្មណ៍បទចម្រៀងស្ទើរតែរួចរាល់។

ស្តាប់ទៅដូចជាអស្ចារ្យមែនទេបង? តែវាក៏ជារឿងក្តីក្តាំងធំដែរ។

នៅក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុនផលិតថាសសម្លេងល្បីៗជាច្រើនបានរួមគ្នាដាក់ពាក្យប្ដឹង Suno និង Udio ដោយចោទប្រកាន់ថា AI ទាំងនេះបានលួចយកបទចម្រៀងដែលមានច្បាប់អនុញ្ញាត (Copyrighted) ទៅបង្វឹកខ្លួនឯងដោយខុសច្បាប់។ ហើយនៅឆ្នាំ ២០២៥ ទស្សនាវដ្តី Billboard បានរាយការណ៍ថា ក្រុមហ៊ុនចម្រៀងទាំងនោះថែមទាំងរកឃើញភស្តុតាងថា Suno បានលួចទាញយក (Scraped) បទចម្រៀងពី YouTube តាមរយៈវិធី stream-ripping ទៀតផង។

បើ AI បង្កើតបទចម្រៀងដ៏ពិរោះមួយបាន ព្រោះតែវាបានលួចរៀនពីបទចម្រៀងរបស់មនុស្សរាប់លានបទ តើម្ចាស់បទដើមគួរតែទទួលបានការសុំទោស ឬលុយកាក់ខ្លះទេបង? ហើយការយក AI ទៅធ្វើសំឡេងត្រាប់តាមតារាចម្រៀងល្បីៗដោយគ្មានការអនុញ្ញាត តើវាជាការច្នៃប្រឌិត ឬជា "ការលួចអត្តសញ្ញាណសំឡេង"?

ដើម្បីឆ្លើយតបនឹងរឿងនេះ កាលពីថ្ងៃទី ២៥ កញ្ញា ២០២៥ ផ្លែតហ្វមស្ដាប់តន្ត្រីយក្ស Spotify បានចេញមកប្រកាសគោលការណ៍ថ្មីដើម្បីការពារសិល្បករពីការធ្វើសំឡេងក្លែងបន្លំ (Impersonation) សារធាតុឥតប្រយោជន៍ (Spam) និងការបោកប្រាស់។ ពួកគេអនុញ្ញាតឱ្យមានការត្រាប់តាមសំឡេង លុះត្រាតែមានការព្រមព្រៀងច្បាស់លាស់ពីសិល្បករដើមប៉ុណ្ណោះ។ Spotify ក៏បានលុបបទចម្រៀងប្រភេទ Spam និង Content farm ចេញអស់ជាង ៧៥ លានបទក្នុងរយៈពេល ១២ ខែកន្លងទៅ។

តើការប្រើ AI សុទ្ធតែខុសសីលធម៌ទាំងអស់មែនទេ?

ទេ! មិនមែនអញ្ចឹងទេ។ បើវាយតម្លៃថា “ឱ្យតែប្រើ AI គឺខុស” នោះវាសាមញ្ញពេកហើយ ហើយក៏អយុត្តិធម៌ចំពោះបងៗដែលជាអ្នកប្រើប្រាស់ល្អៗដែរ។

AI គឺជាឧបករណ៍បើកទ្វារឱកាស។ វាជួយអ្នកមិនចេះកូដ អាចបង្កើតគំរូកម្មវិធីសាកល្បងបាន។ វាជួយអ្នកសរសេរដែលមានគំនិតល្អៗ តែពិបាករៀបចំរចនាសម្ព័ន្ធអត្ថបទ។ វាជួយអ្នកចម្រៀងឯករាជ្យ (Indie) បង្កើតបទ Demo សាកល្បងភ្លេង។ សម្រាប់មនុស្សជាច្រើន AI គឺជាជំនួយការដ៏អស្ចារ្យ មិនមែនជាអ្នកមកបំផ្លាញឡើយ។ បញ្ហាមិនមែនស្ថិតនៅលើ AI ទេ គឺស្ថិតនៅលើ "របៀបដែលបងយកវាទៅប្រើ"

សូម្បីតែការិយាល័យច្បាប់រក្សាសិទ្ធិរបស់សហរដ្ឋអាមេរិក (U.S. Copyright Office) នៅក្នុងរបាយការណ៍ AI ឆ្នាំ ២០២៥ ក៏បានបញ្ជាក់ដែរថា ស្នាដៃដែលមានការចូលរួមពី AI អាចនឹងទទួលបានការការពារច្បាប់រក្សាសិទ្ធិ (Copyright) ផងដែរ ប្រសិនបើមានមនុស្សជាអ្នកបញ្ជា និងកែច្នៃ (Expressive elements) គ្រប់គ្រាន់។ ប៉ុន្តែបើគ្រាន់តែសរសេរ Prompt មួយម៉ាត់ឱ្យវាបង្កើតចេញមកភ្លាមៗនោះ គឺមិនអាចយកទៅចុះច្បាប់រក្សាសិទ្ធិបានឡើយ។ នេះបញ្ជាក់ថា ពិភពលោកនៅតែឱ្យតម្លៃលើ "ការច្នៃប្រឌិតរបស់មនុស្ស" ជាចំណុចកណ្តាល មិនមែនម៉ាស៊ីនឡើយ។

ច្បាប់មាស ៥ យ៉ាង សម្រាប់ប្រើ AI ដោយមិនបាត់បង់ "តម្លៃជាមនុស្ស"

ដើម្បីកុំឱ្យការប្រើប្រាស់ AI របស់បងក្លាយជាការបោកប្រាស់ ឬការលួចបន្លំ បងៗអាចអនុវត្តតាមច្បាប់សាមញ្ញៗទាំង ៥ នេះ៖

១. ប្រើ AI ដើម្បីពង្រីកសមត្ថភាព មិនមែនដើម្បីលាក់ភាពទទេខាងក្នុង AI អាចជួយរកគំនិតសរសេរអត្ថបទ តែវាមិនអាចគិតជំនួសខួរក្បាលបងបានទេ។ វាអាចជួយសរសេរកូដ តែវាមិនដើរចេញមុខដោះស្រាយបញ្ហាពេលប្រព័ន្ធមានចន្លោះប្រហោងឡើយ។ ប្រើវាជាជំនួយការ តែរក្សាគំនិតផ្ទាល់ខ្លួនរបស់បងជាធំ។

២. បើវាអាចធ្វើឱ្យអ្នកមើលយល់ច្រឡំ — ត្រូវតែហ៊ានប្រាប់ការពិត (Transparency) មិនមែនរាល់ពេលចុច AI ត្រូវតែបិទស្លាកប្រកាសអាសន្ននោះទេ។ ប៉ុន្តែបើវីដេអូ ឬរូបភាពនោះធ្វើឡើងដោយ AI ទាំងស្រុង ដែលអាចធ្វើឱ្យអ្នកមើលយល់ច្រឡំថាជាមនុស្សពិតកំពុងនិយាយ ឬធ្វើសកម្មភាព បងត្រូវតែដាក់បញ្ជាក់ឱ្យច្បាស់។ សូម្បីតែ YouTube ក៏មានច្បាប់តម្រូវឱ្យ Creators ដាក់ចំណាំ (Disclose) ចំពោះ Content ដែលកែច្នៃដោយ AI បែបស្វ័យប្រវត្តិ (Realistic altered or synthetic content) នេះដែរ ដើម្បីការពារការភាន់ច្រឡំ។

៣. កុំលួច ឬត្រាប់តាមអត្តសញ្ញាណគេដោយគ្មានការអនុញ្ញាត សំឡេង មុខមាត់ ស្ទីល និងឈ្មោះ មិនមែនជារបស់ដែលយើងអាចយកមកប្រើលេងតាមចិត្តនោះទេ។ ការធ្វើ AI voice ត្រាប់តាមតារាល្បីៗដើម្បីរកលុយដោយមិនសុំច្បាប់ អាចនឹងរងការលុបចោលពី platform ធំៗដូចជា Spotify និងអាចប្រឈមមុខនឹងផ្លូវច្បាប់ទៀតផងបង។

៤. កុំបង្កើតសារធាតុឥតប្រយោជន៍ (Slop) ហើយហៅវាថាការច្នៃប្រឌិត បើ AI ជួយឱ្យបងអាចបង្កើតរូបភាព ឬអត្ថបទបាន ១,០០0 ផ្ទាំងក្នុងមួយសប្តាហ៍ មិនមែនមានន័យថាបងត្រូវបង្ហោះវាទាំងអស់នោះទេ។ នៅសម័យដែលការបង្កើតរបស់វាកាន់តែងាយ និងចំណាយតិច មនុស្សដែលចេះជ្រើសរើស (Curation) និងមានកម្រិតយល់ដឹង (Taste) ច្បាស់លាស់ ទើបជាមនុស្សដែលមានតម្លៃពិតប្រាកដ។

៥. មនុស្សត្រូវតែជាអ្នកទទួលខុសត្រូវ (Human must remain accountable) នេះជាច្បាប់ធំជាងគេបង្អស់បង! បើបងប្រើ AI សរសេរអត្ថបទ បងត្រូវធានាថាព័ត៌មាននោះត្រឹមត្រូវ បើប្រើ AI សរសេរកូដ បងត្រូវទទួលខុសត្រូវលើប្រព័ន្ធសុវត្ថិភាព។ កុំលាក់ខ្លួនពីក្រោយពាក្យថា “AI ជាអ្នកធ្វើ ខ្ញុំមិនដឹងទេ!”។

AI គឺកញ្ចក់ឆ្លុះបញ្ចាំង មិនមែនជាព្រះឡើយ

ចុងក្រោយ AI វាមិនដឹងអីទេ វាគ្រាន់តែកញ្ចក់ឆ្លុះបង្ហាញពីសមត្ថភាពថ្មីៗរបស់មនុស្សជាតិ តែវាក៏ឆ្លុះបញ្ចាំងពីភាពលោភលន់ ភាពខ្ជិល និងភាពចង់កាត់កងយកចំណេញរបស់មនុស្សដូចគ្នា។ វានឹងក្លាយជាឧបករណ៍អប់រំដ៏ល្អ បើស្ថិតក្នុងដៃមនុស្សល្អ។ វានឹងក្លាយជាឧបករណ៍បោកប្រាស់ដ៏គ្រោះថ្នាក់ បើស្ថិតក្នុងដៃមនុស្សមិនល្អ។

ដូច្នេះ សំណួរពិតប្រាកដមិនមែន “AI ល្អ ឬអាក្រក់?” នោះទេ។ សំណួរពិតគឺ៖

  • នៅពេលដែលមានឧបករណ៍ដែលអាចបង្កើតអ្វីៗបានលឿនជាងមុន តើបងនឹងប្រើវាដើម្បីបង្កើតតម្លៃពិត ឬដើម្បីលួចបន្លំយកតម្លៃ?

សីលធម៌មិនបានបាត់បង់ទៅណាទេ គ្រាន់តែសម័យ AI នេះ មនុស្សដែលមានភាពស្មោះត្រង់ (Integrity) នឹងប្រើ AI ដូចជាឧបករណ៍ដើម្បីរីកចម្រើន ចំណែកមនុស្សដែលគ្មានភាពស្មោះត្រង់ នឹងប្រើ AI ធ្វើជាខែលការពារភាពខ្ជិល និងការបោកប្រាស់របស់ខ្លួន។ ក្នុងការប្រកួតប្រជែងសម័យនេះ មិនមែនរវាងមនុស្ស និងម៉ាស៊ីនទេ គឺរវាង

"មនុស្សដែលប្រើ AI ដោយមានការទទួលខុសត្រូវ និងមនុស្សដែលប្រើ AI ដោយគ្មានការខ្មាស់អៀន"