គិត.
គិតមុនជឿ ឈប់ ៣ វិនាទី មុនធ្វើតាមគេ
ABOUT @KITMUNCHUE តុកាហ្វេដាស់សតិ និងអក្ខរកម្មព័ត៌មាន

ម៉េចក៏មាន គិតមុនជឿ?

« ឈប់ ៣ វិនាទី មុនធ្វើតាមគេ »

« ភ្នែកសង្ស័យ • ខួរក្បាលពិនិត្យ • ចិត្តមានសតិ • ដៃមានមេត្តា »
គម្រោង «គិតមុនជឿ» វិវត្តចេញពីគ្រឹះនៃ «អានមួយសិន» — ពីការចែករំលែកចំណេះដឹងទូទៅ មកផ្តោតស៊ីជម្រៅលើ វិចារណញាណ អនឡាញ ការផ្ទៀងផ្ទាត់ភស្តុតាង និងការកាត់បន្ថយការធ្វើតាមគេដោយមិនបានគិត។
០១

ហេតុអ្វីបានជាត្រូវមាន?

បើនិយាយឱ្យស្រួលស្ដាប់ ខួរក្បាលរបស់មនុស្សចូលចិត្តផ្លូវកាត់ណាស់។ កាលណាឃើញគេធ្វើអ្វីមួយច្រើន ឃើញគេ Like ច្រើន ឃើញគេសម្រុកទិញ ឬឃើញគេនាំគ្នាជេរព្រមៗគ្នា អារម្មណ៍ស្វ័យប្រវត្តិតែងតែប្រាប់ថា «ធ្វើតាមគេទៅ មិនខុសទេ»។

ការរត់តាមហ្វូងមនុស្ស ផ្ដល់អារម្មណ៍កក់ក្ដៅ និងសុវត្ថិភាព។ ប៉ុន្តែនៅក្នុងសម័យស្មាតហ្វូន ផ្លូវកាត់មួយនេះកំពុងត្រូវគេយកមកកេងចំណេញរាល់ថ្ងៃ៖ គេបន្លំឱ្យភ័យដើម្បីលួចលុយ, គេបញ្ឆេះកំហឹងដើម្បីទាញ Like, និងគេបង្កើតសម្ពាធដើម្បីបង្ខំឱ្យទិញរបស់ដែលមិនត្រូវការ។

«ទំព័រនេះមិនបានកើតឡើងដើម្បីមកកែប្រែពិភពលោកទេ។ វាគ្រាន់តែកើតឡើងដើម្បីរំលឹកគ្នាយើងឱ្យឈប់ ៣ វិនាទីសិន។ ៣ វិនាទី គឺល្មមគ្រប់គ្រាន់ឱ្យខួរក្បាលបានដកដង្ហើម និងទាញស្មារតីមកវិញ។»

០២

អត់មកបង្រៀនទេណា!

សូមកុំច្រឡំ។ នៅទីនេះ គ្មានអ្នកប្រាជ្ញ គ្មានគ្រូបង្វឹកជីវិត (Life Coach) ហើយក៏គ្មានព្រះសង្ឃចាំទេសនាដែរ។ គ្នាយើងនៅទីនេះ សុទ្ធតែធ្លាប់ភ្លាត់ស្នៀតដូចគ្នា៖ ធ្លាប់ខូចលុយព្រោះ Live លក់អីវ៉ាន់, ធ្លាប់ឆេះដុំខឹងតាមគេក្នុង Comment, និងធ្លាប់ដេកអូសទូរស័ព្ទរាប់ម៉ោងទាល់តែភ្លឺ។

គិតមុនជឿ ប្រៀបដូចជាមិត្តភក្តិម្នាក់ដែលអង្គុយផឹកកាហ្វេជិតគ្នា។ ពេលឃើញដៃយើងរៀបនឹងចុចផ្ញើ OTP ឬរៀបនឹងជេរគេតាមខ្យល់ មិត្តម្នាក់នោះគ្រាន់តែលូកដៃមកទះស្មារួចខ្សឹបថា៖ «ឈប់ ៣ វិនាទីសិនអាសម្លាញ់! គិតមើលឱ្យស្រួលសិន»។

០៣

រឿងពិបាកៗ ពន្យល់ជាភាសាតុកាហ្វេ

រឿងបច្ចេកវិទ្យា ចិត្តវិទ្យា និងទស្សនវិជ្ជា មិនចាំបាច់មានពាក្យពិបាកស្ដាប់ទើបហៅថាឡូយនោះទេ។ បើពន្យល់ហើយ អ៊ំប្រុស អ៊ំស្រី ឬមីងមាក្បែរផ្ទះស្ដាប់មិនយល់ មានន័យថាយើងខ្លួនឯងនៅមិនទាន់យល់រឿងនោះច្បាស់នៅឡើយទេ។ គោលការណ៍នៅទីនេះគឺ៖ យកទម្លាប់រស់នៅមកនិយាយមុនគេ ហើយទុកទ្រឹស្តីនៅពីក្រោយខ្នង។

⚙️ គិតមុនជឿ AI ដែរណា (HUMAN-IN-THE-LOOP)

និយាយដោយត្រង់ៗ គ្នាយើងប្រើ AI ដើម្បីជួយសង្ខេបព័ត៌មាន រកគំនិត និងសម្រួលពាក្យពេចន៍។ ប៉ុន្តែ AI គ្មានបេះដូង និងមិនយល់ពីជីវិតពិតនៅស្រុកខ្មែរឡើយ។ រាល់ប្រធានបទ បរិបទជាក់ស្ដែង ការពិនិត្យភស្តុតាង និងការទទួលខុសត្រូវចុងក្រោយ គឺស្ថិតនៅលើដៃមនុស្សសុទ្ធសាធ (Human-in-the-loop)។ យើងមិនដែលឱ្យ AI សម្រេចចិត្តជំនួសយើងឡើយ។

AUTOMATE THE LABOR, NEVER THE RESPONSIBILITY.

០៤

រឿងប្ដូរទៅៗ តែទម្លាប់ ៤ យ៉ាងនេះ នៅដដែល

បច្ចេកវិទ្យាអាចនឹងវិវត្ត Trend លើបណ្ដាញសង្គមក៏ប្តូររាល់ថ្ងៃ។ ប៉ុន្តែភាពទន់ខ្សោយ និងទម្លាប់របស់មនុស្ស មិនដែលផ្លាស់ប្តូរទេក្នុងរយៈពេលរាប់ពាន់ឆ្នាំមកនេះ។ គ្រប់មាតិកាទាំងអស់នៅលើគេហទំព័រនេះ ត្រូវបានតម្កល់លើទម្លាប់ស្នូលទាំង ៤៖

ទម្លាប់ ០១ គិតមុនចង់

ចង់តាមគេ (គិតមុនចង់)

ឃើញគេជិះ ឃើញគេទិញ ចិត្តយើងម៉េចក៏ក្ដៅក្រហាយ? ឈឺចាប់ដោយសារការប្រៀបធៀបជីវិតខ្លួនឯង ទៅនឹងការសម្ដែងលើឆាករបស់អ្នកដទៃ។

ទម្លាប់ ០២ គិតមុនជេរ

ខឹងតាមគេ (គិតមុនជេរ)

ឃើញគេជេរ យើងក៏ជេរតាមគេ។ ភ្លេចសួរខ្លួនឯងថា តើកំហឹងនេះជារបស់យើងពិតប្រាកដ ឬកំពុងចាញ់បោកការទាញ Like របស់គេ?

ទម្លាប់ ០៣ គិតមុនជឿ

ជឿតាមគេ (គិតមុនជឿ)

ឃើញគេ Share ច្រើន ក៏ជឿភ្លាម។ ឆបោក OTP ហាងអនឡាញក្លែងក្លាយ និងព័ត៌មានដែលកាត់តតែមួយជ្រុងដើម្បីបោកចិត្តយើង។

ទម្លាប់ ០៤ គិតមុនទិញ/ខ្ចី

ធ្វើតាមគេ (គិតមុនទិញ / ខ្ចី)

Live លក់អីវ៉ាន់ «CF CF CF» ម្រាមដៃរហ័សជាងខួរក្បាល។ ការជំពាក់បំណុលព្រោះខ្លាចអន់ និងការចុច Scroll អូសទូរស័ព្ទរាប់ម៉ោងមិនព្រមដេក។

០៥

រូបមន្តងាយៗ៖ គិតមុន + កិរិយាសព្ទ

រាល់ពេលមាន Trend ថ្មី ឬរឿងរ៉ាវថ្មីៗកើតឡើងក្នុងសង្គម យើងមិនបាច់បង្កើតប្រធានបទថ្មីស្មុគស្មាញទេ។ យើងគ្រាន់តែបង្កើតកិរិយាសព្ទមួយដាក់ជាមួយពាក្យ «គិតមុន»៖

គិតមុនទិញ គិតមុនស៊ែរ គិតមុនជេរ គិតមុនខ្ចី គិតមុនចង់ ...និង គិតមុនជឿ
០៦

ការសន្យា ៤ យ៉ាងរបស់យើង

០១. ភាសាសាមញ្ញ

មិនប្រើពាក្យបច្ចេកទេសពិបាកស្ដាប់ដើម្បីសម្ញែង ឬធ្វើឱ្យអ្នកអានមានអារម្មណ៍ថាល្ងង់ឡើយ។

០២. កំប្លែងដោយមិនមើលងាយ

យើងសើចចំអកលើទម្លាប់ភ្លាវៗរបស់មនុស្ស តែយើងមិនដែលជាន់ពន្លិចបុគ្គលណាឡើយ។

០៣. ដឹងកំហុសខ្លួនឯង

យើងមិនមែនជាមនុស្សល្អឥតខ្ចោះទេ។ យើងក៏ធ្លាប់ភ្លាត់ស្នៀត ហើយយើងរៀនសូត្រទៅមុខជាមួយគ្នា។

០៤. គ្មាននុយបញ្ឆេះកំហឹង (No Outrage Bait)

មិនផលិតមាតិកាញុះញង់កំហឹងដើម្បីទាញយក View ឬលក់ផលិតផលឡើយ។